
ភ្នំពេញ៖ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣វិច្ឆិកានេះ បានផ្ទេរតំណែងរដ្ឋមន្ត្រីការពារជាតិអាស៊ានប្តូរវេន ជូនរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៉ី ដែលប្រទេសនេះត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៣។ ការផ្ទេរនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat) នៅខេត្តសៀមរាប។
ថ្លែងក្នុងកិច្ចប្រជុំនេះ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីការថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេច ហ៊ុន សែន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ បានដំណើរការតាមកម្មវិធីគ្រោងទុក ដោយបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមមួយចំនួន សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅរួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងពិធីបិទកិច្ចប្រជុំ សម្តេចក៏បានផ្ទេរតំណែងជាប្រធានរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២៣ ពីព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម Prabowo Subianto រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕