Yearendyearend1140x150

សម្តេច ហ៊ុន សែន ផ្តល់ធាតុចូល ៥ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប។

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា មូលបទរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម» ។ នេះ គឺជាគំនិតថ្មីមួយសម្រាប់តំបន់នេះ ហើយដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ អាស៊ានត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច។ សម្តេចថ្លែងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩។

សម្តេច បានបញ្ជាក់ថា ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់គ្នា, ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនេះ អាស៊ាន បានក្លាយជាស្នូលនៃដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់ ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា។ ដើម្បីសម្រេចបាននូវ «សន្តិសុខប្រកបដោយភាពសុខដុម» នៅក្នុងតំបន់ យើងត្រូវ ការធាតុចូលយ៉ាងហោចណាស់ ប្រាំចំណុច រួមមាន៖

១-លើកកម្ពស់មជ្ឈភាពអាស៊ាន ដែលជាទូទៅសំដៅទៅលើតួនាទីប្រមូលផ្តុំ របស់ អាស៊ាន ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និង កែប្រែលទ្ធផល ។

២-លើកកម្ពស់និម្មាបនកម្មសន្តិសុខតំបន់ ដោយផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន និង បើកចំហ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺជាយានដ៏សំខាន់មួយ ដើម្បីសម្រេច បាននូវនិម្មាបនកម្មសន្តិសុខតំបន់ ។ យើងសូមស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងអស់ ដរាបណាគំនិតផ្តួចផ្តើមទាំងនេះជំរុញឱ្យមានសន្តិភាព និង ការអភិវឌ្ឍ មិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងប្រទេសណាមួយ និងស្របតាមមជ្ឈភាពអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ។

៣-ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិ ដែលផ្អែកលើការជឿទុកចិត្ត និង ប្រជាជនជាស្នូល។យើងបានកំណត់យកសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជន ជាមូលដ្ឋាន នៅក្នុងគោលនយោបាយសន្តិសុខ និង កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង។ រីឯការទុកចិត្តគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

៤-លើកកម្ពស់សន្តិសុខគ្រប់ជ្រុងជ្រោយ។ ជំងឺរាតត្បាតកូវីដ-១៩ គឺជាសញ្ញាដាស់តឿន ឱ្យយើងយកចិត្តទុកដាក់កាន់តែខ្លាំងដល់សន្តិសុខផ្នែកសុខភាព ។ សន្តិសុខអាកាសធាតុ គឺជា បញ្ហាសំខាន់មួយទៀត ដែលយើងចាំបាច់ត្រូវប្រមូលផ្ដុំកិច្ចខិតខំប្រឹងប្រែង និង ធនធានបន្ថែម ទៀត ។ កិច្ចសហប្រតិបត្តិការរវាងស៊ីវិល និងយោធាលើសន្តិសុខគ្រប់ជ្រុងជ្រោយ គឺកាន់តែ មានសារៈសំខាន់ ។

៥-លើកកម្ពស់សន្តិសុខប្រកបដោយកិច្ចសហប្រតិបត្តិការ ។ ដោយសារមានការកើន ឡើងនៃភាពស្មុគស្មាញ និង លក្ខណៈច្រើនទម្រង់ របស់សន្តិសុខ និង ការគំរាមកំហែងឆ្លងដែនយើងត្រូវតែសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម និង ឧបសគ្គ ទាំងនេះ ។

សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និង កិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និង ប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការបង្ការ ជម្លោះនាពេលអនាគត និង ការកសាង «សន្តិសុខប្រកបដោយភាពសុខដុម» ដោយផ្អែកលើ ការគោរពគា្ន, ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក។ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខជាប្រពៃណី និង មិនមែនជាប្រពៃណីរបស់យើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង