Cc time web banner 054637

សត្វ«កែះញី»ដែលរលូតកូនពេលនេះត្រូវបានសង្គ្រោះហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

បាត់ដំបង៖ សត្វកែះញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋក្នុងស្រុកសំឡូតបានជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែកូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។ រហូតមកដល់ល្ងាចថ្ងៃទី២២ វិច្ឆិកា សត្វកែះញីនេះអាចស៊ីចំណីបានតិចតួច និងក្រុមពេទ្យសត្វបន្តតាមដានសុខភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយដែលកូនសត្វកែះបានរលូតនិងស្លាប់ ក្រោយពីមេរបស់វាបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ និងធ្លាក់ពីលើជ្រលងភ្នំ ធ្លោះចង្កោះនិងបាក់ជើង។ ហើយក្រុមអ្នកអភិរក្ស បន្តតាមដានបន្ថែមពីស្ថានភាពសត្វកែះញីបន្ថែមនៅយប់ថ្ងៃទី២២ និងថ្ងៃទី២៣ វិច្ឆិកា មុននឹងបញ្ជូនមកកាន់ទីតាំងថែរក្សាអភិរក្ស។

ឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ បានបន្ដថា សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ។

គួរបញ្ជាក់ថា សត្វកែះមួយក្បាលនេះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ វិច្ឆិកា ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋពីកណ្តាប់ដៃព្រានព្រៃ។ បើតាមឯកឧត្តម នេត្រ ភក្ត្រា សត្វកែះគឺជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល៕

រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង