681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន៖ រដ្ឋមន្ត្រីការពារជាតិចិន និងអាម៉េរិក នឹងជួបគ្នានៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងការពារជាតិរបស់ចិន និងរដ្ឋមន្ដ្រីក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិក នឹងមានជំនួប នៅក្នុងខេត្តសៀមរាប។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាថ្ងៃទី២១ វិច្ឆិកា។

ថ្លែងក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន និងរដ្ឋមន្ដ្រីក្រសួងការពារជាតិអាម៉េរិក អាចនឹងមានជំនួបនៅក្នុងខេត្តសៀមរាប។ ការជួបគ្នានេះ ចាត់ទុកថាកម្ពុជាជាទីកន្លែងនៃការសម្រុះសម្រួល រវាងមហាអំណាចដែលនឹងនាំទៅដល់ស្ថេរភាពនៅក្នុងតំបន់ និងក្នុងពិភពលោក។

ទន្ទឹមនឹងនោះ លោក វី ហ្វេងហេ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២០ វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ-បូក ដែលនឹងរៀបចំធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែវិច្ឆិកា។ រដ្ឋមន្ត្រីការពារជាតិអាមេរិក រួមជាមួយនឹងប្រទេសសមាជិកអាស៊ានទាំង១០ និងដៃគូសន្ទនាចំនួន០៨ទៀត នឹងមានវត្តមាននៅក្នុងខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅក្រុងសៀមរាប ខេត្តសៀមរាប និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះទៅរកសន្តិភាព សន្តិសុខ និង វិបុលភាពប្រកបដោយនិរន្តរភាព៕ 

Khcct banner

អត្ថបទទាក់ទង