
ភ្នំពេញ៖ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យផ្ទះចុះត្រជាក់ ប៉ុន្ដែភពផែនដីមានការកើនឡើងនូវកំដៅ ដោយសារម៉ាស៊ីនត្រជាក់ប្រើប្រាស់ឥន្ធនៈជាច្រើន ដែលធ្វើឱ្យរលកកំដៅមានការកើនឡើង។ ប៉ុន្ដែគេអាចដោះស្រាយបញ្ហានេះបាន តាមរយៈការបន្ថែមធម្មជាតិនៅក្នុងទីក្រុង។
តាមក្រសួងបរិស្ថាន មានការព្យាករថារលកកំដៅនឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្ដែវាបាននិងកំពុងកើតឡើងទៅហើយ។ មានបញ្ហាធំមួយគឺការព្យាយាមរក្សាធាតុត្រជាក់ ប្រព័ន្ធម៉ាស៊ីនត្រជាក់បានប្រើឥន្ធនៈរាប់តោន ដែលធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ ពេលដែលផ្ទះរបស់យើងត្រជាក់ តែភពផែនដីមិនត្រជាត់នោះទេ។
ការកើនឡើងនូវកំដៅនេះ ធម្មជាតិមានចម្លើយចំពោះបញ្ហានេះ ការបន្ថែមធម្មជាតិនៅក្នុងទីក្រុងអាចជួយរក្សាសីតុណ្ហភាពឱ្យចុះត្រជាក់។ ដើមឈើបញ្ចេញទឹកតាមស្លឹករបស់វា ដូចជាមនុស្សត្រជាក់ដោយការបែកញើស។ បឹង និងទន្លេនៅក្នុងទីក្រុងក៏ជួយរក្សាសីតុណ្ហភាពឱ្យទាបផងដែរ។ មនុស្សទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត តាមរយៈធម្មជាតិ និងលំហបៃតង ដែលអាចច្រោះខ្យល់ពុល ហើយភាពស្រស់ស្អាតរបស់វា ក៏អាចឱ្យមនុស្សប្រើប្រាស់សម្រាប់ការកំសាន្ដបានដែរ៕