
ភ្នំពេញ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រសួងអប់រំ នឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងបាក់ឌុបឡើយ។ ឯកឧត្តមថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ក្រសួងអប់រំ នឹងមិនតម្រូវឲ្យធ្វើតេស្ដកូវីដ១៩ បេក្ខជនមុនចូលប្រឡងបាក់ឌុបឡើយ ហើយចំពោះអ្នកដែលរកឃើញថា ខ្លួនឆ្លងជំងឺកូវីដ១៩ ក្រសួងនឹងរៀបចំបន្ទប់ដាច់ដោយឡែក សម្រាប់ពួកគេផងដែរ។ ទន្ទឹមនេះ ក្រសួង ក៏បានអំពាវនាវឲ្យបេក្ខជន តាមដានសុខភាពខ្លួនឯង ហើយពាក់ម៉ាសឲ្យបានជាប្រចាំទាំងបេក្ខជន និងមេប្រយោគ ព្រមទាំងបន្តអនុវត្ត នូវវិធានការការពារជំងឺកូវីដ១៩ ដើម្បីបង្ការការរីករាលដាលនៅពេលប្រឡង។
ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់បន្ថែមថា ចំពោះអ្នកសង្ស័យថា ខ្លួនមានជំងឺកូវីដ១៩ សូមធ្វើតេស្តដោយខ្លួនឯង ប្រសិនរកឃើញថាឆ្លងជំងឺនេះ ជូនដំណឹងមកប្រធានមណ្ឌល ដើម្បីឱ្យប្រធានមណ្ឌលរៀបចំបន្ទប់ប្រឡងដាច់ដោយឡែក សម្រាប់ពួកគេ។ ឯកឧត្តមសង្ឃឹមថា គណៈកម្មការ និងមេប្រយោគ រួមនឹងបេក្ខជនប្រឡងទាំងអស់មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការប្រឡង នាសម័យប្រឡងបាក់ឌុប ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់៕