មណ្ឌលគិរី៖ កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា កំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំនៃអង្គការ Free the Bear នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និង សួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ។
ក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ គឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។
បើតាមក្រសួងបរិស្ថាន កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងអប់រំនាពេលកន្លងមក និងជាពិសេសតាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមនិងដឹកនាំដោយក្រសួងបរិស្ថាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃជីវៈចម្រុះ ពីផលប៉ះពាល់នៃអន្ទាក់ និងមានភាពសកម្មក្នុងការចូលរួមរាយការណ៍ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការជួយ សង្គ្រោះសត្វព្រៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ច្ឆិកា មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់
អន្រ្ទង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ០១ ក្បាលមានទម្ងន់ ៧គីឡូក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា៕