Yearendyearend1140x150

ក្រសួងកសិកម្ម ប្រាប់ពីហេតុផលនាំឲ្យស្រូវធ្លាក់ថ្លៃនៅខេត្តចំនួនពីរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ វិច្ឆិកា បានបញ្ជាក់ពីការធ្លាក់ចុះតម្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយសារ ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។

ក្រសួងកសិកម្មបានឱ្យដឹងថា ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់តម្លៃស្រូវ។ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការ ប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។

ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ជូនក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្តែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែង។ ក្រសួងកសិកម្ម ក៏អំពាវនាវដល់កសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។

ទន្ទឹមនិងនោះ ក្រសួងសូមអំពាវនាវឱ្យពលរដ្ឋនៅក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង