
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេច ហ៊ុន សែន បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះថា សម្តេចបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ខណៈកំពុងស្ថិតនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា មុនចាកចេញពីប្រទេសកម្ពុជាសម្តេចបានធ្វើតេស្ត ជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ហើយទទួលបានលទ្ធផលអវិជ្ជមាន។
សម្តេចថ្លែងថា “ខ្ញុំមិនប្រាកដថាខ្ញុំឆ្លង Covid-19 នៅពេលណានោះទេ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា នៅពេលដែលខ្ញុំទៅដល់ប្រទេសឥណ្ឌូនេស៊ី គ្រូពេទ្យបានយកសំណាកនៅពេលល្ងាច ហើយនៅព្រឹកបន្ទាប់ ពួកគេបានបញ្ជាក់ថា ខ្ញុំវិជ្ជមានសម្រាប់ Covid-19 ។ សំណាងហើយ ដែលកាលពីយប់មិញ ដោយសារខ្ញុំមកយឺត ខ្ញុំមិនបានចូលរួមអាហារពេលល្ងាចជាមួយប្រធានគណៈប្រតិភូផ្សេងទៀត ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ»។
ដើម្បីសុវត្ថិភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូត្រឡប់ មកកម្ពុជាវិញនៅល្ងាចនេះ។ សម្តេចក៏បានបញ្ជាក់ដែរថា ស្ថានភាពសុខភាពរបស់លោក នៅពេលនេះ គឺមានលក្ខណៈធម្មតា ហើយសម្តេចនឹងបន្តធ្វើការងារ ដោយមិនមានការជួបភ្ញៀវណាមួយឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការខកចិត្តរបស់លោកដែលខកខានមិនបានជួបជាមួយប្រធានាធិបតីចិន និង បារាំង ដែលភាគីរៀងៗខ្លួនគ្រោងធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងពេលចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC។