ភ្នំពេញ៖ កម្ពុជា-ថៃ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន ជាពិសេសជំរុញឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗ។ ការប្ដេជ្ញានេះធ្វើឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយឯកឧត្ដម Arkhom Termpittayapaisith អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ កាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់តួនាទីវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារ ព្រំដែនទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយនេះឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសកម្មភាពការងារសំខាន់ៗជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃនៅតាមព្រំដែន ក្នុងនោះរួមមាន៖ គម្រោងរៀបចំច្រកទ្វារ អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥, គម្រោងសាងសង់ស្ពាន ឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀន, និងគម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ច្រកស្ពានជ័យជំនះ)ជាដើម។
ជាមួយគ្នានេះដែរ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានបង្ហាញទស្សនៈយល់ស្របចំពោះឯកឧត្តម ស៊ុន ចាន់ថុល ដែលបានលើកឡើងខាងលើ និងបានបញ្ជាក់ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃនេះស្រាប់។
ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សា ខាងលើឱ្យសម្រេចបានលទ្ធផលលេចចេញជារូបរាងនាពេលខាងមុខឆាប់ៗ និងបានប្តេជ្ញាខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕