Yearendyearend1140x150

បើកកិច្ចប្រជុំកំពូលអាស៊ាន៖សម្តេច ហ៊ុន សែនសុំឱ្យសមាជិករួមគ្នាដោះស្រាយបញ្ហាប្រឈម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ទី៤១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រកាសបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១១ វិច្ឆិកានេះ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ចើញចូលរួមពីនាយករដ្ឋមន្ត្រី ប្រមុខរដ្ឋ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន លើកលែងតែប្រទេស មីយ៉ាន់ម៉ា។

ពិធីបានចាប់ផ្តើមនៅម៉ោង ៨ព្រឹកនេះ ដោយសម្តេច ហ៊ុន សែន ជាប្រធានអាស៊ាន និង ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បានឈររងចាំស្វាគមន៍នូវការមកដល់នៃថ្នាក់ដឹកនាំ ជាពិសេស ប្រមុខរដ្ឋនៃបណ្តាប្រទេសនៃសមាជិកអាស៊ាន ដែលបង្ហាញពីភាពស្និតស្នាល និង សាមគ្គីភាព ក្នុងនាមជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងពីកិច្ចខំប្រឹងប្រែងរបស់អាស៊ានកន្លងមកក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងកិច្ចខិតខំក្នុងការបន្ត និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន។ សម្តេច ហ៊ុន សែន មានជំនឿថា អាស៊ានជួបជុំគ្នានៅថ្ងៃនេះ ក្នុងគោលបំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ជាកិច្ចប្រជុំដែលធ្វើឡើងស្របពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន ជាពិសេស បញ្ហាមីយ៉ាន់ម៉ា បញ្ហាសង្គ្រាមរុស្ស-អ៊ុយក្រែន សមុទ្រខាងត្បូត បញ្ហាតៃវ៉ាន់ និង បញ្ហាបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

បើតាមគម្រោងនៅរសៀលនេះ សម្តេច ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥,កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង