Yearendyearend1140x150

ផ្លូវល្បឿនលឿនទី២តភ្ជាប់ពីភ្នំពេញទៅបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន)

ភ្នំពេញ៖ ផ្លូវល្បឿនលឿនទី២ដែលតភ្ជាប់ពីភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាថ្ងៃទី១០ វិច្ឆិកា ២០២២។

នាឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះមានចម្ងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន ១ ៦៣៨ លានដុល្លារ។

ឯកឧត្តមបានបន្តថា ថវិកាដែលគ្រោងបណ្តាក់ទុកសម្រាប់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះមានទំហំតិចជាងថវិកាសាងសង់ផ្លូវល្បឿនលឿនក្រុងព្រះសីហនុ ហើយប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿនក្រុងព្រះសីហនុផងដែរ ផ្លូវនេះគ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ឯកឧត្តមក៏បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១,៦៣៨ លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះ លោក Chen Zhong បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលបានផ្ដល់ការគាំទ្រ សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងវៀតណាម តាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការឆ្លងកាត់ព្រំដែន។

ក្រសួងសាធារណការបញញជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយក្រុមហ៊ុនទទួលបន្ទុកសាងសង់ កំពុងពិនិត្យកែសម្រួលឱ្យរួចរាល់ចំណុចសេសសល់មួយចំនួន ក្នុងកិច្ចព្រមព្រៀងសម្បទាន ដើម្បីឈានទៅរកសេចក្តីសម្រេចរួមជាផ្លូវការ ហើយគ្រោងនឹងចុះហត្ថលេខា ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាដើមឆ្នាំ២០២៣ខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង