ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនរវាងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា។ ការប្ដេជ្ញានេះធ្វើឡើងនាឱកាសពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយ ឯកឧត្ដម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយសព្វថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នាននោះដែរ ឯកឧត្ដម Nguyen Van Thang បានបង្ហាញនូវការយល់ស្របចំពោះការលើកឡើងខាងលើរបស់ឯកឧត្តម ស៊ុន ចាន់ថុល និងបានបន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ ជាក់ស្តែងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនេះស្រាប់ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងដឹកជញ្ជូន នៃប្រទេសវៀតណាម បាននិងកំពុងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោងពង្រីកវិសាលភាពអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងហាណូយ និងហូជីមិញ ក៏ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ឡុងថាញ់ ផងដែរ។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានបន្តពិភាក្សាទៅលើចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន៖ ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការងារច្រកទ្វារព្រំដែនអន្តរជាតិ, ការងារដឹកជញ្ជូនតាមផ្លូវទឹក, និង ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ជាដើម។
ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញសុឆន្ទៈក្នុងការជំរុញគម្រោងនានា ដែលបានលើកយកមកពិភាក្សាខាងលើ ឱ្យសម្រេចបានលទ្ធផល ចេញជារូបរាងនាពេលខាងមុខឆាប់ និងបានប្តេជ្ញាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រសួង ក៏ដូចជារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕