
ភ្នំពេញ៖ អង្គការ Aide et Action/Action Education នៅថ្ងៃទី០៣ វិច្ឆិកា បានរៀបចំពិធីប្រគល់ទូកដឹកជញ្ជូនសិស្ស និង ទូកបណ្ណាល័យចល័តដល់សាលារៀន និង កំរងចំនួន១០សាលាដែលស្ថិតនៅតំបន់កោះជីវាំងភូមិបាក់ព្រា និងសាលាដទៃទៀតស្ថិតនៅក្នុងតំបន់ទន្លេសាបខាងលិច។ ការផ្ដល់ទូកនេះ អាចជួយសម្រួលដល់កុមារ ឬ សិស្សដែលរស់នៅ និងសិក្សានៅសាលាលើតំបន់ទឹកជន់លិចជាប្រចាំ។
លោក អ៊ូ សុខឃឹម នាយកផ្នែកបច្ចេកទេសអប់រំប្រចាំនៅអង្គការ Aide et Action/Action Education បានមានប្រសាសន៍ថា ការផ្តល់ទូកទាំងនេះមានគោលដៅពង្រឹងគុណភាពសេវាអប់រំទៅដល់ កុមារដែលជួបការលំបាក និងកុមារដែលបាត់បង់ឱកាស។ ទូកទាំងនេះគឺជាដំណោះស្រាយសម្រាប់កុមារអាចធ្វើដំណើរពីផ្ទះទៅសាលាពីសាលាមកផ្ទះដែលជា ដំណោះស្រាយដ៏សមរម្យ។
ការផ្តល់បណ្ណាល័យចល័ត និង មធ្យោបាយដឹកជញ្ជូនសិស្សមន្ត្រីអប់រំ គឺជាសកម្មភាពជំរុញកិច្ចការខិតខំប្រឹងប្រែង កាត់បន្ថយបញ្ហាប្រឈមដ៏ធំសម្រាប់សិស្សានុសិស្សក្នុងការទទួលបានការអប់រំនៅតំបន់នេះ។ មិនត្រឹមតែប៉ុណ្ណោះ ទូកទាំងនេះនឹងបង្កើនការចុះឈ្មោះចូលរៀនបន្ថែម និង ការចូលរៀនទៀងទាត់របស់សិស្សផងដែរ។ ជាពិសេសបណ្ណាល័យទាំងនេះក៏អាចបង្កើនការអាន និងចំនូលចិត្តក្នុងការរៀនសូត្រផងដែរ។
ជាមួយគ្នានេះ ដើម្បីជំរុញឱ្យមានវិធានការសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនលើទឹក គ្រប់ ទូកទាំងអស់នេះត្រូវបានបំពាក់ដោយអាវពោងសុវត្ថិភាព ពោងទឹក និង ពោងសុវត្ថិភាពដើម្បីបញ្ចៀសរាល់បញ្ហា ដែលកើតឡើងជាយថាហេតុ៕
.jpg?1667553317)

.jpg?1667553334)

