Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្ត្រីវៀតណាម នឹងមកទស្សនកិច្ចនៅកម្ពុជាមុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយបញ្ចប់ទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

សម្តេច ហ៊ុន សែន និងឯកឧត្តម ជាម មិញជិញ នឹងមានជំនួប ពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្តម ផាម មិញជិញ នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង