
កម្ពុជា៖ គិតត្រឹមចុងខែតុលា ឆ្នាំ២០២២ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតមីនសម្រេចបានជិត ៨០ភាគរយនៃផែនការ ជាគោលដៅខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ។
អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានទទួលអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងខេត្តចំនួន០៣ រួមមាន ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដោយសម្រេចលទ្ធផលរំដោះផ្ទៃដីចម្ការមីនចំនួនជាង១.៧០២ ហិកតា រកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៨១៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១២០៩ គ្រាប់។
ដោយឡែកសម្រាប់ខេត្តកំពតបានរំដោះផ្ទៃដីចម្ការមីនចំនួនជាង ៦៦៤ ហិកតា រកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៨៥គ្រាប់ រកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៤៨៥ គ្រាប់។ តាមផែនការគ្រោងទុកខេត្តកំពតនឹងត្រូវបានបញ្ចប់ការបោសសម្អាតមីនទាំងស្រុងត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ថា កិច្ចប្រតិបត្តិការក្រោម«គម្រោងសម្តេចតេជោ សំរាប់សកម្មភាពមីន»ក្នុងជំហានទី១ អង្គភាពCMACបានទទួលភារកិច្ចបញ្ចប់បញ្ហាគ្រាប់មីននៅខេត្តចំនួន៥គឺ ខេត្តតាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម និងខេត្តស្វាយរៀង ដែលផ្ទៃដីបញ្ហាគ្រាប់មីនសរុបជិត៣,០០០ហិកតា ហើយគិតមកដល់ចុងខែតុលា ឆ្នាំ២០២២នេះ សម្រេចបានជិត៨០%នៃផែនការ ជាគោលដៅខេត្តទាំង៥ត្រូវបញ្ចប់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២នេះ៕



