
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃទី២ វិច្ឆិកានេះ បានទទួលសារតាំងរបស់លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ជា អ្នកសម្របសម្រួលថ្មីរបស់អង្គការ សហប្រជាជាតិប្រចាំកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Joseph Scheuer ដែលបានឆ្លើយតបដោយការសម្តែងនូវចំណាប់អារម្មណ៍ថា «លោក មានអារម្មណ៍ថាលោកហាក់ដូចជាបានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ» ដោយសំដៅដល់ការបំពេញបេសកកម្មកាលពីមុនៗរបស់លោកជាមួយទីភ្ញាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ក្រុមការងារអង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDAF) និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងជំនួយដ៏សប្បុរសនេះ បូករួមជាមួយនឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៩៥%នៃចំនួនពលរដ្ឋសរុប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃជំនួបជាថ្មីម្ដងទៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលឆាប់ៗនេះ។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់និងអន្តរជាតិក្តៅៗមួយចំនួនក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀបចំរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ លោក Joseph Scheuer បានជូនពរកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលទាំងនេះ៕