Yearendyearend1140x150

«អណ្តើកហ្លួង»និមិត្តរូបតំណាងសត្វប្រចាំកម្ពុជាត្រូវបានដាក់បង្ហាញក្នុងពិព័រណ៌ការងារនិងផលិតភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្រ្តា)

ភ្នំពេញ៖ អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា ត្រូវបានដាក់តាំងបង្ហាញដល់សាធារណជននៅក្នុងពិព័រណ៌ការងារនិងផលិតភាពឆ្នាំ ២០២២ កាលពីថ្ងៃទី២៧ និង២៨ ខែតុលា។ បញ្ជរក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលជលផលនិងអង្គការ WCS ដើម្បីយកសត្វអណ្តើកហ្លួងមកបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីសត្វដ៏កម្រនេះ ដើម្បីចូលរួមការពារនិងអភិរក្ស។

បើតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្រ្តា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបានលើកឡើងអំពីអណ្តើកហ្លួងដែលជាអណ្តើកកម្រ ហើយកំពុងមានវត្តមាននៅកម្ពុជា ដោយបានបញ្ជាក់ថា ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា តាមរបាយការណ៍ឆ្នាំ២០១៩ អណ្ដើកហ្លួង គឺមានវត្តមានតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម ហើយចំនួនរបស់ពួកវានៅលើសកលលោក មានប្រមាណតែ ៥០០ ទៅ ៧០០ក្បាល ប៉ុណ្ណោះ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ គឺមានចំនួនប្រហែល៤៥០ក្បាល។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា អណ្តើកហ្លួងធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ ទើបរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវរួមគ្នា ហើយបានរកឃើញសំបុកសត្វអណ្តើកប្រភេទនេះ នៅមានវត្តមាននៅឡើយតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ប៉ុន្តែមានចំនួនតិចតួចបំផុត។នៅឆ្នាំដដែល អង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានបង្កើតគម្រោងអភិរក្សសត្វអណ្តើកនេះឡើង។

ឯកឧត្ដមបន្ដថា ក្រោមកិច្ចសហការនេះ ជាក់ស្តែងក្រសួងបរិស្ថានកម្ពុជាបានសង្រ្គោះ និងថែរក្សាអណ្ដើកហ្លួងសរុបចំនួន៤៣៦ក្បាល ក្នុងនោះ២៤៩ក្បាល ត្រូវបានថែរក្សានៅក្នុងមជ្ឈមណ្ឌលអភិរក្សល្មូនខេត្តកោះកុង និងមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ និង១៨៧ក្បាលផ្សេងទៀត ត្រូវបានលែងចូលទៅក្នុងធម្មជាតិ ដោយភ្ជាប់ជាមួយប្រព័ន្ធតាមដាន ដើម្បីសិក្សាពីការបម្លាស់ទីរបស់វា វិធានការណ៍ការពារ និងបង្កើនផលស្តុកក្នុងដែនទឹកធម្មជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង