
ភ្នំពេញ៖ គម្រោងសម្ព័ន្តភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និង គាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED) ដែលដឹកនាំដោយអង្គការអេដ ដឹ អាក់សិនអន្តរជាតិ (Aide et Action) ផ្តល់ថវិការក្រោមជំនួយពីសហភាពអឺរ៉ុប ដល់អង្គការការអភិរក្សសមុទ្រនៅកម្ពុជា (Marine Conservation Cambodia/MCC) ដើម្បីធ្វើការសិក្សា និងចិញ្ចឹម Oyster ក្បែរច្រាំងគំរូ។ គម្រោងមួយនេះនឹងផ្តល់បច្ចេកវិទ្យាថ្មីដល់ សហគមន៍នេសាទ ដែលក្នុងតំបន់នោះបានទទួលមុខរបរបន្ថែម ឬផ្សេងទៀតក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។
លោក Amick Haissoune ប្រធានអង្គការអភិរក្សសមុទ្រកម្ពុជា បានសម្ដែងការសាទរចំពោះ ការចុះហត្ថលេខាផ្ដល់ជំនួយរបស់អង្គការAEAនៅថ្ងៃនេះ ហើយលោកយល់ឃើញថា ការផ្ដល់ជំនួយនេះគឺជាការជំរុញបន្ថែមដល់ការសិក្សាស្រាវជ្រាវរបស់អង្គការរបស់ខ្លួន ក៏ដូចជាការជំរុញទៅដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកទៅលើផលនេសាទ អាចងាកមករកការចិញ្ចឹមOyster ឬក៏មានមុខរបរផ្សេងៗទៀត ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។
បើតាមប្រធានអង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យយល់ឃើញថា បច្ចុប្បន្នលោកឃើញថាប្រជានេសាទជាច្រើន បាននេសាទនៅលើសមុទ្រកម្ពុជា មានទាំងនេសាទខុសច្បាប់ និងនេសាទស្របច្បាប់ ហើយការនេសាទទាំងនោះធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើជីវៈចម្រុះនៅក្នុងបាតសមុទ្រ ដូច្នេះហើយធ្វើឱ្យធនធាននៅបាតសមុទ្រ មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
លោក Amick Haissoune យល់ឃើញថា តំបន់កោះអាចម៌សេះនេះជាតំបន់មួយមានសក្ដានុពល និងសម្បូរជីវៈចម្រុះជាច្រើន ដូច្នេះហើយអង្គការអភិរក្សសមុទ្រកម្ពុជា មកចូលរួមអភិរក្សដើម្បីជំរុញឱ្យប្រជាពលរដ្ឋដែលធ្លាប់រស់នៅពឹងផ្អែកលើផលនេសាទ វិលមករកចំណូលដែលកើតចេញពីការចិញ្ចឹមOyster និងតាមរយៈវិស័យទេសចរណ៍ផ្សេងៗ ដែលជាចំណូលបន្ថែមសម្រាប់ក្រុមគ្រួសាររបស់ពួកគេ និងអាចកាត់បន្ថយភាពក្រីក្រ ជាដើម។
គួរបញ្ជាក់ថា អង្គការអភិរក្សសមុទ្រកម្ពុជា អនុវត្តគម្រោងរបស់ពូកគេ នៅក្នុងតំបន់ឆ្នេរសមុទ្រកែប ចាប់ពីសហគមន៍នេសាទខេត្តកំពតដល់សហគមន៍នេសាទខេត្តកែប មានដូចជា សហគមន៍នេសាទត្រពាំងសង្កែ សហគមន៍នេសាទកំពង់សាមគ្គី និងអង្កោល៕




