
ភ្នំពេញ៖ គ្រឿងឥស្សរិយយសឆ្នាំ២០២១និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២។ ពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ជូនប័ណ្ណសរសើរ ប្រព្តឹត្តទៅនៅព្រឹកថ្ងៃទី៣០ តុលា នាទីស្តីការក្រសួងបរិស្ថាន។
គ្រឿងឥស្សរិយយសឆ្នាំ២០២១និងឆ្នាំ២០២២ ដែលត្រូវបានបំពាក់ និងផ្ដល់ជូន មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ។
គ្រឿងឥស្សរិយយសទាំងនោះមាន មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប មេដាយមាសការងារ ចំនួន៦២រូប មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប។
គួរបញ្ជាក់ថា ក្នុងពិធីពាក់គ្រឿងឥស្សរិយយស និងប្រគល់ជូនប័ណ្ណសរសើរនេះ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ៕
