Smart saver cctime web bannertif

ចម្លាក់តោ២ យកពីស្ពានហាលខាងជើងតាំងពីឆ្នាំ១៩៩៧ ជួសជុលបាន៩៥%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក យី សុថា

សៀមរាប៖ ចម្លាក់តោចំនួន២ មានទម្ងន់ប្រមាណជាង៣តោន កម្ពស់ជាង២ម៉ែត្រ ដែលយកពីកំពង់ទឹករបស់ស្ពានហាលផ្នែកខាងជើងនៃស្ពានហាលចូលប្រាសាទអង្គរវត្តតាំងពីឆ្នាំ១៩៩៧ យកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរ កំពុងត្រូវបានជួសជុលពង្រឹងឡើងវិញ បានប្រមាណ៩៥ភាគរយហើយ ដោយក្រុមអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា។

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងពីរនេះទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ក្រោយពីឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ២៥ឆ្នាំ រក្សាបាននូវទម្រង់ដើម លើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។

លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវកន្លែងខូចខាតនឹងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវវាងការខូចខាតបន្តទៀត។

លោក ឡុង ណារី បានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍៕

រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង