
បរទេស៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩(Covid-19)សំរាប់មនុស្សរាប់រយលាននាក់អាចនឹងត្រូវបានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំនេះ។នេះបើតាមការបញ្ជាក់របស់ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក។
លោក Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺរណែតនៅថ្ងៃនេះថា បច្ចុប្បន្ននេះមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រហែលជា ៣០០ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ដោយក្នុងនោះមានវ៉ាក់សាំងចំនួន ៣ ប្រភេទដែលនឹងត្រូវចូលដល់ដំណាក់កាលចុងក្រោយ ដោយសាកល្បងធ្វើតេស្តចាក់ទៅលើមនុស្ស។
លោកស្រីបាននិយាយថា ប្រសិនបើការធ្វើតេស្តនេះទទួលបានជោគជ័យ វ៉ាក់សាំងមួយឬច្រើនប្រភេទដែលអាចមានចំនួនសំរាប់មនុស្សរាប់រយលាននាក់ នឹងមាននៅក្នុងចុងឆ្នាំនេះ ហើយរំពឹងថានឹងមានចំនួនកើនឡើងដល់រាប់ពាន់លាននាក់ នៅក្នុងឆ្នាំក្រោយ។
លោកស្រី Suma Swaminathan បានមានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅនេះ ប្រទេសនានាចាំបាច់ត្រូវផ្តល់ការគាំទ្រ និងវិនិយោគនៅក្នុង “ យន្តការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ទូទាំងពិភពលោក” ( COVID-19 Vaccine Global Access Facility)។
លោកស្រីនិយាយថា ក្រុមដែលមានហានិភ័យខ្ពស់ ដែលអាចទទួលបានអត្ថប្រយោជន៍ពីវ៉ាក់សាំងនេះរួមមានមនុស្សចាស់និងអ្នកដែលមានជំងឺលើសឈាម ទឹកនោមផ្អែមនិងវង្វេងស្មារតី។លោកស្រីបន្តថា អ្នកដែលរស់នៅក្នុងពន្ធនាគារ រោងចក្រនិងតំបន់ក្រីក្រក្នុងទីក្រុង ក៏គួរតែត្រូវបានផ្តល់អាទិភាពផងដែរសំរាប់ទទួលការចាក់វ៉ាក់សាំងការពារនេះ៕