
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកថវិកាមកពីធនាគារពិភពលោក ដើម្បីពង្រីកផ្លូវជាតិលេខ ៤ ភ្នំពេញ-ព្រះសីហនុ ពីទំហំ ៧ម៉ែត្រ ទៅ១០ម៉ែត្រ។ បច្ចុប្បន្នក្រសួងបានបើកការដ្ឋានពង្រីក ហើយចាក់AC កៅស៊ូពីលើកម្រាស់ ៧ហ៊ុន ដូចជាផ្លូវដែលទើបធ្វើថ្មី។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលការងាររយៈពេល ៥ឆ្នាំរបស់ក្រសួងសាធារណការ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងសន្និសីទថា ក្រៅពីការពង្រីកផ្លូវជាតិលេខ ៤ ភ្នំពេញ-ព្រះសីហនុ ក្រសួងក៏មានគម្រោងសាងសង់ស្ពាន និងពង្រីកស្ពាន ហើយលូក៏ត្រូវតែបន្ថែមដែរ បើមិនដូច្នេះទេ អាចនឹងមានគ្រោះថ្នាក់។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ហេតុនេះក្រសួងមានគម្រោងពង្រីកស្ពាន និងលូ ចំនួន៤៦កន្លែង នៅផ្លូវជាតិលេខ ៤ ។ សាងសង់ស្ពានថ្មី ៨ កន្លែង លើផ្លូវជាតិលេខ ៤ ដើម្បីកុំឲ្យមានការជន់លិចទឹកជំនន់ ដោយជារៀងរាល់ឆ្នាំបានបិទផ្លូវជាតិលេខ ៤ ដោយសារទឹកជំនន់។ ហើយបច្ចុប្បន្ន ក្រសួងបានលើកកម្ពស់កន្លែងដែលលិច ហើយសាងសង់ស្ពាន ៨ កន្លែងទៀតនៅផ្លូវជាតិលេខ ៤ ៕
