681 ezgif.com resize
Swift cc time

សត្វប្រជៀវនៅរូងភ្នំសំពៅ ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាជារៀងរាល់ល្ងាច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង៖ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំសំពៅ មានរូងភ្នំរហូតដល់១២ ដែលធ្វើឱ្យមានសត្វប្រជៀវជាច្រើន ដែលនាំឱ្យមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ នៅមុនពេលព្រះអាទិត្យរៀបអស្តង្គត់ គឺជាពេលវេលាជាក់លាក់ ដែលវ៉ូងសត្វប្រជៀវហើរចេញពីល្អាងមានសភាពដូចទឹករលក។

ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងល្អាងរហូតដល់១២ ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។

នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ ដូចជា ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវទេសចរណ៍និយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន ប៉ុណ្ណោះ។

អ្វីដែលពិសេស គឺទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង នៅពេលល្ថាច។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា «កងទ័ពប្រជៀវដ៍ក្លាហាន» ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។

ជារៀងរាល់ល្ងាច នៅចន្លោះម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:១៥នាទីល្ងាច គឺជាពេលវេលាជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងភ្នំ ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាព៖ ក្រសួងព័ត៌មាន
រូបភាព៖ ក្រសួងព័ត៌មាន


Khcct banner

អត្ថបទទាក់ទង