Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋសភាកម្ពុជានឹងចូលរួមប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០នៅប្រទេសថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅព្រះរាជាណាចក្រថៃឡង់ដ៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំលុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ សភាមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនទៀតរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស នៅឆ្នាំនេះប្រារព្ធកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ”។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេសថា “The Asia Pacific Parliamentary Forum” បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង