ភ្នំពេញ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ៤រូប ត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក។ ការដកឋានន្តរសក្តិនេះធ្វើឡើងក្រោយមន្ដ្រីចរាចរណ៍៤រូបនោះ ក្រោយផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ កាលពីថ្ងៃទី២១ តុលា វេលាម៉ោង ០៩:១៥នាទីព្រឹក។
ក្រោយមានការផាកពិន័យមិនត្រឹមត្រូវទៅអ្នកបើកបររថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផ្នែកធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត។
បន្ទាប់ពីមន្ត្រីទាំង៤រូបនោះ បានសារភាពកំហុស ដោយទទួលបានបទបញ្ជា និងការឯកភាពពីស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ តុលា វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប៕