ភ្នំពេញ៖ យុវតី ថន ជេដ្ឋានី មានបំណងចង់ក្លាយជាអភិបាលខេត្តម្នាក់ ឬ ក៏ថ្នាក់ដឹកនាំមួយរូបនៅក្នុងវិស័យអប់រំក៍ដូចជាស្ថាប័នជាតិនិងអន្តរជាតិណា ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ព្រមទាំងកសាងសង្គមមួយ ពោរពេញដោយសមភាពយេនឌ័រ ។ នេះជាការលើកឡើងរបស់យុវតី ថន ជេដ្ឋានី នៅក្នុងកម្មវិធីអបអរខួបទី២០ឆ្នាំរបស់អង្គការភ្លែនអន្តរជាតិ និងអបអរ «ទិវាក្មេងស្រីអន្តរជាតិ ២០២២»។
ដោយចង់យកឈ្នះរនាំងវិសមភាពយេនឌ័រ និងផ្នត់គំនិតនានាដែលរារាំងស្រី្ដក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និង សម្រេចក្តីស្រមៃ នាថ្ងៃអនាគត យុវតី ថន ជេដ្ឋានី មានបំណងចង់ក្លាយជាអភិបាលខេត្តម្នាក់ ឬ ក៏ថ្នាក់ដឹកនាំមួយរូបនៅក្នុងវិស័យអប់រំក៍ដូចជាស្ថាប័នជាតិនិងអន្តរជាតិណាមួយ។
មហិច្ឆិតារបស់យុវតីរូបនេះ គឺដើម្បីលើកកម្ពស់ សមភាពយេនឌ័រនិងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ព្រមទាំងកសាងសង្គមមួយ ពោរពេញដោយ សមភាពយេនឌ័រ ។ លើសពីនេះទៅទៀត យុវតី ជេដ្ឋានី ចង់ប្រើប្រាស់បទពិសោធនិងចំណេះដឹងផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហាដែលកុមារី និងស្ត្រីងាយរងគ្រោះដទៃទៀត នៅក្នុងសហគមន៍បាននិងកំពុងជួបប្រទះ ព្រោះពួកយើងជាម្ចាស់សិទ្ធិ ជាសាមីខ្លួន ជាអ្នកដែលជួបបញ្ហាផ្ទាល់ ដូច្នេះមានតែយើងទេដែលដឹងថា យើងត្រូវការអ្វី ព្រមទាំងឈានទៅរកការស្វែងរកមតិគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងដំណោះស្រាយសមស្របចំពោះបញ្ហា ទាំងអស់នេះ។
យុវតី ថន ជេដ្ឋានី បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ខ្លួនត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ឬ កម្មវិធី Girls Takeoverគឺ កាន់តួនាទីជំនួស លោកស្រី គ្វីននេត វ៉ង ដែលជានាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។ ក្នុងអំឡុងពេលនោះ យុវតី ជេដ្ឋានី បានជួបលោកស្រី គ្វីននេត វ៉ង។
ការបានជួបជាមួយ លោកស្រី គ្វីននេត វ៉ង បានធ្វើឱ្យ ជេដ្ឋានី បានរៀនសូត្រ និងស្វែងយល់បន្ថែមពីតួនាទីជាអ្នកដឹកនាំទាំងក្នុងស្ថាប័នជាតិ និងស្ថាប័នអន្តរជាតិ។ ទាំងអស់នេះជាទុន ក្នុងការពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំរបស់ខ្លួន និងឆ្ពោះទៅរកការសម្រេចបាននូវក្ដីស្រមៃនាថ្ងៃអនាគត៕