Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ប្រទះឃើញបំណែក«ព្រះកេសអសុរា»មួយនៅប៉ែកខាងកើតខ្លោងទ្វារទន្លេអុំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។

ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។

លោក ឈូក សុម៉ាឡា ឱ្យដឹងទៀតថា ដំបូងឡើយ ក្រុមការងារបានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ។

ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបថបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ព្រះកេសអសុរានេះ ក្រុមការងារបានសហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារសណ្តាប់ធ្នាប់ ព្រមទាំងភ្នាក់ងារទេសចរណ៍ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ហើយក្រុមការងារក៏នឹងសិក្សាដើម្បីស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។

មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា តាមការអះអាងរបស់អ្នកភូមិ កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។

សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាមានគម្រោងកែលម្អរទីតាំងខាងលើ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ។ ដូច្នេះការធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះ នឹងបន្តធ្វើដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង