Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជន មឿន កុលបុត្រ បង្កើតគម្រោង«Smart COROBIN» ដើម្បីសម្លាប់មេរោគនៅលើម៉ាសដែលប្រើរួច

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ លោក មឿន កុលបុត្រ ជានិស្សិតកម្ពុជាមកពីខេត្ដមណ្ឌលគិរី និងកំពុងតែបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ ជំនាញគិលានុបដ្ឋាក នៃសាកលវិទ្យាល័យ Mahasarakham (Mahasarakham University)។ បច្ចុប្បន្នយុវជនរូបនេះ កំពុងតែដំណើរការគម្រោងមួយ ឈ្មោះថា «Smart COROBIN» ដែលជាធុងសម្រាមសម្លាប់មេរោគនៅលើម៉ាសដែលប្រើប្រាស់រួច មុននិងយកចោល។ គម្រោងនេះដែរ ជាគម្រោងនៅក្នុងមុខវិជ្ជា «Nursing Innovation» ដែលជាមុខវិជ្ជាសិក្សានៅក្នុងថ្នាក់។

យុវជនមកពីខេត្តមណ្ឌលគិរីរូបនេះ បានឱ្យដឹងថា ខ្លួនមានទីកន្លែងកំណើតនៅខេត្តកណ្ដាលនិងបានផ្លាស់ប្ដូរទីលំនៅ ទៅខេត្តមណ្ឌលគិរី នៅក្នុងឆ្នាំ២០១៣។ អំឡុងពេលសិក្សាថ្នាក់ទី១១ ក្នុងឆ្នាំ២០១៦ កុលបុត្រ ក៏បានប្រឡងអាហារូបករណ៍ ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ដែលផ្ដល់ឱ្យទៅលើការសិក្សាក្នុងវិស័យសុខាភិបាល។

បន្ទាប់ពីប្រឡងឡងជាប់អាហារូបករណ៍នេះ កុលបុត្រ ក៏បានមកបន្ដការសិក្សានៅវិទ្យាល័យ Mahasarakham University Demonstration School ប្រទេសថៃ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ កុលបុត្រ ក៏បានបន្ដការសិក្សាជំនាញគិលានុបដ្ឋាក នៃសាកលវិទ្យាល័យ Mahasarakham។ បច្ចុប្បន្ន កុលបុត្រ ជានិស្សិតឆ្នាំទី៤ ហើយក៏កំពុងតែដំណើរការគម្រោងមួយមានឈ្មោះថា «Smart COROBIN»។

យុវជន មឿន កុលបុត្រ បានប្រាប់ស៊ីស៊ីថាមស៍ថា ដោយមើលឃើញចំនួននៃអ្នកប្រើប្រាស់ម៉ាស អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយចំនួនម៉ាស់ដែលត្រូវចោលជារៀងរាល់ថ្ងៃក៏មានចំនួនច្រើនដែរ ក៏ធ្វើឱ្យខ្លួនមានចំណាប់អារម្មណ៍ទៅលើការបង្កើតធុងសម្រាមដែលអាចសម្លាប់មេរោគ និងបាក់តេរីនៅលើម៉ាសមុននិងយកម៉ាសទាំងនោះទៅចោលជាមួយសម្រាមផ្សេងទៀតបាន ដើម្បីកាត់បន្ថយការចម្លេងមេរោគផ្សេងៗ។

ការប្រើប្រាស់ Smart COROBIN ក្នុងការសម្លាប់មេរោគដែលនៅលើម៉ាសមានជាដំណាក់ការ។ ដំណើរការរបស់ធុងសម្រាមវៃឆ្លាតនោះគឺ ដំណាក់ការទីមួយ គឺការកាត់ម៉ាស់ជាបំណែកតូចៗ បន្ទាប់មកគឺដំណាក់ការនៃការសម្លាប់មេរោគ និងបាក់តេរី ដោយប្រើពន្លឺ UVC។ បន្ទាប់ពីសម្លាប់មេរោគ និងបាក់តេរី គឺអាចយកម៉ាសទៅចោលបានដោយមិនព្រួយបារម្ភពីការឆ្លងមេរោគ ឬជំងឺផ្សេងៗ។

យុវជនវ័យ២២ឆ្នាំរូបនេះបានដឹងថា គម្រោង «Smart COROBIN» មិនត្រឹមតែជាគម្រោងនៅក្នុងមុខវិជ្ជាដែលសិក្សានៅក្នុងថ្នាក់សិក្សាប៉ុណ្ណោះទេ ប៉ុន្ដែគម្រោងនេះ ក៏នឹងដាក់ចូលនៅក្នុងការប្រកួតផងដែរ។ហើយការប្រកួតប្រជែងនេះ នឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

យុវជន កុលបុត្រ បានបន្ដថា គម្រោង «Smart COROBIN» ជាគម្រោងទី២ ដែលខ្លួនបានធ្វើអំឡុងពេលសិក្សារយៈពេល៤ឆ្នាំមកនេះ។ ចំណែកឯគម្រោងទី១ មានឈ្មោះថា «Tiktok Stop Smoking»។ សម្រាប់គម្រោង «Tiktok Stop Smoking» ក៏បានដាក់ចូលនៅក្នុងការប្រកួតថែមទៀតផង ហើយថែមទាំងទទួលបានលំដាប់ទីបី ផងដែរ។ ហើយគម្រោងទាំងពីរនេះ មិនមែនជាការធ្វើតែម្នាក់ឯងនោះឡើយ គឺមានការចូលរួមពីមិត្តភក្ដិដប់នាក់ផ្សេងទៀត ក្នុងនោះដែរមានជនជាតិខ្មែរចំនួនពីរនាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: Smart COROBIN Mahasarakham University
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង