ភ្នំពេញ៖ កាលពីខែសីហាកន្លងទៅ សែលកាត និង SabaiCode បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយក្នុងការចាប់ផ្ដើម Full Stack Developer Bootcamp ជំនាន់ទី 2 បន្តពីកម្មវិធីបូងនៅឆ្នាំ 2021 និងផ្ដល់ឱ្យសិស្សឆ្នើមទាំងនោះទទួបាននូវជំនាញឌីជីថលដែលចំបាច់សម្រាប់គេក្នុងការបន្តការងារក្នុងវិស័យនេះ។
សម្រាប់ Full Stack Developer Bootcamp ជំនាន់ទី 2 នេះ សែលកាត បានផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមចំនួន15 នាក់ នូវអាហារូបករណ៍ពេញលេញរយៈពេល 6 ខែ។ ពួកគេនឹងទទួលបានថ្នាក់សិក្សាពេញម៉ោង និងការបង្ហាត់ដោយផ្ទាល់ ដោយអ្នកសរសេរកម្មវិធីប្រកបដោយបទពិសោធន៍ខ្ពស់។
ពាក្យស្នើរសុំសម្រាប់អាហារូបករណ៍នេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងខែសីហា ជាមួយនឹងចំនួន 110 នៃពាក្យស្នើរសុំ ត្រូវបានទទួល និងវាយតម្លៃតាមរយៈដំណើរការជ្រើសរើសយ៉ាងហ្មត់ចង់ដោយ SabaiCode ដែលធ្វើការរង្វាយតម្លៃលើបេក្ខជនទាំងនោះតាមរយៈ ចំណាប់អារម្មណ៍ សម្ថភាពវិនិច្ឆយ ចំណេះដឹង និងការប្ដេជ្ញាចិត្តរបស់ពួកគេ ឆ្លងកាត់តាមកិច្ចសម្ភាសន៍ជាបន្តបន្ទាប់។
លោក ឡេង ពិសិដ្ឋ សហស្ថាបនិករបស់ SabaiCode បានមានប្រសាសន៍ថា៖ “យើងមានក្ដីរីករាយណាស់ដែលសង្កេតឃើញយុវជនខ្មែរមានចំណាប់អារម្មណ៍លើចំណេះដឹងបច្ចេកវិទ្យាដូច្នេះ ដែលនេះឆ្លុះបង្ហាញឱ្យឃើញតាមសន្ទុះនៃការដាក់ពាក្យស្នើរអាហារូបករណ៍របស់យើងនេះ។ ខ្ញុំក៏ដូចជាសហការីនៃសាលាទាំងមូលប្ដេជ្ញានឹងបណ្ដុះបណ្ដាលសិស្សថ្មីទាំងនេះឱ្យក្លាយជាធនធានដ៏ប្រសើរសម្រាប់ប្រទេសកម្ពុជា។ ជាពិសេសផងដែរយើងសូមថ្លែងអំណរគុណដែល សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ក្នុងប្រទេសដែលគាំទ្រកម្មវិធីនេះ ព្រមទាំងបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពីមួយជំនាន់ទៅមួយជំនាន់។”
សែលកាត និង Sabaicode ស្វាគមន៍បេក្ខជនជ័យលាភីអាហារូបករណ៍ 15 នាក់ ដូចខាងក្រោម៖
យឹម សុត្ថារ័ត្ន មកពី រាជធានីភ្នំពេញ
លន សំណាង មកពី ខេត្តព្រះសីហនុ
រឿន ប៉ហាយ មកពី ខេត្តបន្ទាយមានជ័យ
ហុង សុជាតិ មកពីខេត្តបណ្ទាយមានជ័យ
ហួត ងួនហេង មកពី រាជធានីភ្នំពេញ
សុខ សុភ័ណ មកពី ខេត្តតាកែវ
ឈុន រាជសីហ៍ មកពីខេត្តកំពង់ចាម
ឯ ឯក មកពីខេត្តកំពង់ចាម
ញ៉េប ម៉ានិត មកពី រាជធានីភ្នំពេញ
ហ៊ុល បូរម៉ី មកពីខេត្ត ព្រៃវែង
សួង ចាន់ពេជ្ជកា មកពី រាជធានីភ្នំពេញ
សាន ស៊ីវលីង មកពីខេត្ត ត្បូងឃ្មុំ
ឃី ហួម៉េង មកពីខេត្ត ព្រៃវែង
អម សុភាព មកពីខេត្ត ក្រចេះ
ស៊ាន សុភារម្យ មកពី រាជធានីភ្នំពេញ
“ខ្ញុំជឿជាក់យ៉ាងមុតមាំថាការចូលរូមក្នុងវគ្គសិក្សានេះនឹងផ្ដល់ឱ្យខ្ញុំនូវចំណេះសម្រាប់ការអនុវត្ត និងការតម្រង់ផ្លូវដែលខ្ញុំត្រូវការដើម្បីបំពេញគោលបំណងរបស់ខ្ញុំគឺរីកចម្រើនលើការបង្កើតកម្មវិធីនិងការអភិវឌ្ឍនៃបច្ចេកវិទ្យា” នេះជាការលើកឡើងរបស់សិស្សជ័យលាភីម្នាក់គឺ កញ្ញា ហ៊ុល បូរម៉ី មកពីខេត្ត ព្រៃវែង។
“សូមអរគុណដល់ សែលកាត និង SabaiCode សម្រាប់វគ្គសិក្សានេះ ដែលអនុញ្ញាតឱ្យពួកយើងទទួលបាននូវអត្ថប្រយោជន៍ពោលគឺបង្កើនចំណេះដឹងនិងជំនាញទាំងក្នុងសាលានិងវិជ្ជាជីវៈការងារ” នេះជាមតិលោកឡើងរបស់សិស្សជ័យលាភីម្នាក់ទៀត គឺ លោក ឃី ហួម៉េង មកពីខេត្ត ព្រៃវែង។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ភាពជាដៃគូរវាង សែលកាត និង SabaiCode គឺកើតចេញពីមហិច្ចតារួមគ្នារបស់យើងគឺការផ្សារភ្ជាប់យុវជនកម្ពុជាជាមួយ ចំណេះដឹង និងជំនាញ ដែលពួកពួកគេត្រូវការដើម្បីចូលរួមចំណែក និងពន្លឿនការអភិវឌ្ឍលើវិស័យឌីជីថលនៅកម្ពុជា។ ខ្ញុំរីករាយនិងស្វាគមន៍ពួកគេសម្រាប់ការចូលរួមក្នុងវគ្គសិក្សានេះ។ ខ្ញុំទន្ទឹងរង់ចាំតាមដានវឌ្ឍនភាព និងគម្រោងផ្តួចផ្តើមរបស់ពួកគេ ហើយសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។”