Yearendyearend1140x150

ក្រសួងអប់រំនិងអង្គការយូណេស្កូ អនុវត្តកម្មវិធីប៊ីបដើម្បីជួយសិស្សបោះបង់ការសិក្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ TVET-News

ភ្នំពេញ៖ ក្រសួងការងារ ក្រសួងអប់រំ និងអង្គការយូណេស្កូ បានចាប់ផ្តើមអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត (ប៊ីប-BEEP) ដើម្បីជួយសិស្សដែលបោះបង់ការសិក្សា ក៏ដូចជាបណ្តុះបណ្តាលជំនាញបន្ថែមទៀត និងដើម្បីគាំទ្រពួកគេឱ្យទទួលបានការងារប្រកបដោយ ផលិតភាពខ្ពស់។តាមរយៈកម្មវិធីប៊ីបនេះ សិស្សអាចទទួលបានវិញ្ញាបនបត្រសមមូលថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងក្រសួងការងារ ដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល វិជ្ជាជីវៈ។

ការបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារភាពក្រីក្រ វិសមភាពយេនឌ័រ ពិការភាព និងទីតាំងភូមិសាស្ត្រ ក្រុមយុវជនងាយរងគ្រោះ បានធ្វើឱ្យពួកគេមិនអាចទទួលបានឱកាសការងារសមរម្យ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ បានចាប់ផ្តើមអនុវត្តកម្មវិធីសម មូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត (ប៊ីប-BEEP) ដើម្បីដោះស្រាយបញ្ហានេះ និងផ្តល់ឱ្យយុវជនក្រៅសាលានូវការអប់រំជាមូលដ្ឋាន និងឱកាសអភិវឌ្ឍជំនាញ។

ការសិក្សាតាមរយៈកម្មវិធីប៊ីប ជាទម្រង់នៃការសិក្សាតាមទូរសព្ទដែលមានភាពបត់បែន ផ្តល់ឱកាសឱ្យសិស្សបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិរបស់ពួកគេតាមរយៈវគ្គសិក្សា តាមអឺនធឺណិតដោយឥតគិតថ្លៃ និងមិនរំខានដល់ការងារពេញម៉ោងរបស់ពួកគេ។ អ្នកសិក្សាដែលបានបញ្ចប់កម្មវិធីនេះ នឹង ទទួលបានវិញ្ញាបនបត្រសមមូលថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងក្រសួងការងារ ដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល វិជ្ជាជីវៈ នៃក្រសួងការងារ ឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៃក្រសួងអប់រំ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ តុលា ក្រសួងការងារ ក្រសួងអប់រំ និងអង្គការយូណេស្កូ នឹងរៀបចំព្រឹត្តិការណ៍ផ្លូវការមួយ ដើម្បីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសិក្សាបីបថ្មីចំនួន៤ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការបើកមណ្ឌលសិក្សាថ្មីនេះបានបង្កើនចំនួនមណ្ឌលសិក្សា ប៊ីប ចំនួន ២៦ ទីតាំងក្នុង១៤ ខេត្តក្រុង ដើម្បីធានាឱ្យបានថា យុវជននៅក្រៅសាលា និងយុវជនដែលងាយរងគ្រោះកាន់តែច្រើនក្នុងប្រទេសកម្ពុជាទទួលបានឱកាសអប់រំជាមូលដ្ឋានដើម្បីបន្តការបណ្តុះបណ្តាលជំនាញបន្ថែមទៀត និងគាំទ្រពួកគេឱ្យទទួលបានការងារប្រកបដោយផលិតភាពខ្ពស់៕

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា 
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ប៊ីប-BEEP
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង