Cctimesw1140xh150cm copy

យុវជនឈឹម ធី ក្លាយជា«អភិបាលរង»ស្រុកអង្គរបូរីបន្ទាប់បញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាល

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

តាកែវ៖ យុវជន ឈឹម ធី មានឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ និង ជានាយករងរដ្ឋបាលស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានទទួលការតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គរបូរី ខេត្តតាកែវ។នេះបើយោងតាមប្រកាសតែងតាំង ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ការតែងតាំងនេះ បានធ្វើឡើងក្រោយយុវជនរូបនេះ បញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាល នៅឆ្នាំ២០២០។

យុវជន ឈឹម ធី មានអាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។យុវជន បញ្ចាប់ការសិក្សាថ្នាក់មធ្យមសិក្សា ពីវិទ្យាល័យ សុខ អាន ព្រៃសណ្ដែក ក្នុងឆ្នាំ២០១៣។ បន្ទាប់មកលោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនីតិសាស្ដ្រ នៅសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់បរិញ្ញាបត្ររង គិលានុបដ្ឋាក នៅសាកលវិទ្យាល័យអន្ដរជាតិ ក្នុងឆ្នាំ២០១៧។

បន្ទាប់ពីបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០១៧ លោកបានចូលបម្រើការងារនៅសាលាស្រុកអង្គរបុរី។ រហូតដលឆ្នាំ២០១៨ លោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជបណ្ឌិតសភាកម្ពុជា។ ទន្ទឹមនិងនោះ នៅចុងឆ្នាំ២០១៩ លោកបានបន្ដការសិក្សានៅសាលាភូមិន្ទរដ្ឋបាល និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវជន ឈឹម ធី បានឱ្យដឹងថា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា លោកបានចូលបម្រើការងារជា មន្ដ្រីការិយាល័យរដ្ឋបាលស្រុក។ ក្រោយមកលោកត្រូវបានតែងតាំងជា នាយករងរដ្ឋបាលស្រុកអង្គរបុរី និងនៅថ្ងៃទី១២ តុលា កន្លងទៅនេះ លោកត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គរបូរី ខេត្តតាកែវ។

ក្រោយបានតែងតាំងជាអភិបាលរងស្រុកអង្គរបុរី លោក ឈឹម ធី តាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើការបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាពដើម្បីឱ្យសេវាសាធារណៈកាន់តែប្រសើឡើង។ ជាពិសេសគោរពតាមរដ្ឋធម្មនុញប្រទេសកម្ពុជា សិក្សារៀនសូត្របន្ថែមទៀតនិងស្វែងយល់បន្ថែមរាល់ការណែនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងអនុវត្តន៍តួនាទីភារកិច្ចរបស់លោក ដើម្បីចូលរួមថែរក្សាសន្ដិភាព និងអភិវឌ្ឍន៍សង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង