Yearendyearend1140x150

សហគ្រិនស្ដ្រី៣៨រូប ឈ្នះពានរង្វាន់សហគ្រិនស្រ្តីអាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី 

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៣ តុលា បានរៀបចំពិធីពានរង្វាន់ សហគ្រិនស្រ្តីអាស៊ាន។ ក្នុងនោះដែរ ស្រ្តី៣៨រូប មកពីបណ្ដាប្រទេសនានា ត្រូវបានជ្រើសរើសជាស្ដ្រីឆ្នើម និងឈ្នះពានរង្វាន់សហគ្រិនស្រ្តីអាស៊ាននេះ។ ពិធីពានរង្វាន់ ឬសហគ្រិនស្រ្តីអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយអម នៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី ក្នុងអាស៊ាន» ។

ថ្លែងក្នុងពិធីបើកកម្មវិធី លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី នេះរៀបចំឡើងជាមួយផ្នែកនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន ដែល មានគោលបំណងដើម្បីគូសបញ្ជាក់អំពីសារសំខាន់នៃសហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចអាស៊ាន នៅគ្រប់កម្រិត។

លោកជំទាវ អុឹង កន្ថាផាវី បានបន្ដថា កម្មវិធីនេះ ធ្វើឡើងដើម្បីបង្កើនការយល់ដឹងលើសមិទ្ធិផលនៃសហគ្រិនស្រ្តី ដែលមកពីគ្រប់ ប្រភេទនៃធុរកិច្ច និងពីគ្រប់មជ្ឈដ្ឋាននៅក្នុងបណ្តាប្រទេសអាស៊ាន ។ ដោយឆ្នាំ២០២២នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដោយផ្តោតលើប្រធានបទសហគ្រិនស្រ្តីអាស៊ាន ដូចនេះពានរង្វាន់ពិសេសនេះ គឺជាការធ្វើ ឱ្យមានកំណត់ត្រាប្រវត្តិសាស្រ្តរបស់អាស៊ាន។

តាមរយៈកិច្ចសហការនិងគាំទ្រពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានរៀបចំនិងជ្រើសរើសស្រ្តីឆ្នើមដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ ។ ជាលទ្ធផល សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ។

ទន្ទឹមនិងនេះ ព្រឹត្តិការណ៍នេះ ក៏មានចូលរួមពីបណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញសហគ្រិនស្រ្តីអាស៊ាន ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន តំណាងស្ថានទូតកាណាដា និងបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ២០០រូប ចូលរួមដោយផ្ទាល់នៅភ្នំពេញ និងប្រមាណ៥០រូប តាមប្រព័ន្ធវីដេអូអនឡាញ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង