
អាម៉េរិក៖ ក្រុមហ៊ុន ហ្វេសប៊ុក បានធ្វើការដោះស្រាយបញ្ហាបាត់ចំនួនអ្នកតាមដាន(Follower) នៅលើប្រូហ្វាល់ ហ្វេសប៊ុក រួចរាល់ហើយ។ ទន្ទឹមនេះក្រុមហ៊ុនក៏បានធ្វើការសូមទោសដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំពោះបញ្ហាដែលបានកើតឡើងនេះផងដែរ។
អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Meta បាន ឱ្យដឹងថា៖ «កាលពីម្សិលមិញនេះ បញ្ហាបច្ចេកទេសបានបង្កឱ្យអ្នកប្រើប្រាស់មួយចំនួនមើលឃើញចំនួនអ្នកតាមដាន(follower) មានភាពមិនប្រក្រតីនៅលើប្រូហ្វាល់ហ្វេសប៊ុករបស់ពួកគេ។ យើងបានដោះស្រាយបញ្ហានេះ បានឆាប់រហ័សតាមដែលអាចធ្វើទៅបានសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា ដែលរងផលប៉ះពាល់ហើយ យើងសូមអភ័យទោស »។
គួរបញ្ជាក់ថា នៅចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០២២ Facebook បានចាត់វិធានការប្រឆាំងនឹងគណនី bot សង្ស័យចំនួន ១.៤ ពាន់លាន ហើយក្នុងរយៈពេលបីខែមុន ១.៦ ពាន់លាន "គណនីក្លែងក្លាយ" ត្រូវបានបញ្ចប់។ នេះបើយោងតាមរបាយការណ៍អនុវត្តស្តង់ដារសហគមន៍របស់ហ្វេសប៊ុក។
ក្រុមហ៊ុន Meta បាននិយាយនៅលើទំព័រផ្លូវការរបស់ខ្លួនថា គោលដៅរបស់ក្រុមហ៊ុន គឺដើម្បីលុបគណនីក្លែងក្លាយជាច្រើននៅលើ Facebook តាមដែលអាចធ្វើបាន។ ទាំងនេះរួមមានគណនីដែលបង្កើតដោយចេតនាអាក្រក់ ដើម្បីបំពានគោលការណ៍របស់ក្រុមហ៊ុន និងទម្រង់ផ្ទាល់ខ្លួនដែលបង្កើតឡើង ដើម្បីតំណាងឱ្យអាជីវកម្ម ឬអង្គការ ផ្សេងៗ៕