កូរ៉េ៖ កញ្ញា កែវ សុភ័ន និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជំនាញភាសាកូរ៉េ។ បច្ចុប្បន្ន កញ្ញា កែវ សុភ័ន កំពុងធ្វើការផ្លាស់ប្ដូរកម្មវិធីសិក្សា នៅប្រទេសកូរ៉េខាងត្បូង នៃសាកលវិទ្យាល័យ ម៉ុក វ៉ុន (Mokwon University) រយៈពេលមួយឆ្នាំ។ តាមរយៈការសិក្សាភាសាកូរ៉េ កញ្ញា នឹងអាចជួយក្នុងការទំនាក់ទំនងរបស់ក្រុមជុំនំកូរ៉េ ឬក្រុមកូរ៉េ ទៅកាន់ក្រុមជំនុំកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងវ័យ ២២ឆ្នាំ កញ្ញា កែវ សុភ័ន មានទីកន្លែងកំណើតនៅខេត្តប៉ៃលិន។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នៅឆ្នាំ២០១៩។ បន្ទាប់មកកញ្ញា បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ភាសាកូរ៉េ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
ដោយសារតែការស្រឡាញ់ វប្បធម៌ ភាសា និងអក្សររបស់កូរ៉េ ផងនោះ កញ្ញាបានសម្រេចចិត្តសិក្សាភាសាកូរ៉េ។ បន្ថែមពីនេះទៀត នៅក្រុមជុំនំរបស់កញ្ញា មានក្រុមកូរ៉េមកជារៀងរាល់ឆ្នាំ ហើយកញ្ញាមានបំណងជួយក្នុងការទំនាក់ទំនងរបស់ពួកគេទៅកាន់ក្រុមជំនុំកម្ពុជា និងយុវជនខ្មែរ ដែលពួកគេចូលចិត្តជនជាតិកូរ៉េ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ បានលើកទឹកចិត្តឱ្យកញ្ញាសិក្សាជំនាញនេះ ពីព្រោះកញ្ញាតែងសកម្មជាមួយបេសកជនទាំងនៅខេត្តប៉ៃលិននិងតំបន់ដទៃទៀត។
បើតាម កញ្ញា កែវ សុភ័ន ការសិក្សាភាសាកូរ៉េមិនត្រឹមតែអាចជួយទំនាក់ទំនងរវាងក្រុមជុំនំកូរ៉េនិងក្រុមជំនុំកម្ពុជាប៉ុណ្ណោះទេ ថែមទាំង អាចធ្វើការនៅតាមស្ថាប័នផ្សេងៗដែលពាក់ព័ន្ធនិងការប្រើភាសាកូរ៉េ ដូចជា ក្រុមហ៊ុន ស្ថានទូត ស្ថានកុងស៊ុលកូរ៉េនៅខ្មែរឬខ្មែរប្រចាំកូរ៉េ អង្គការឯកជនឬរដ្ឋដែលត្រូវការអ្នកចេះភាសាកូរ៉េ អ្នកបកប្រែផ្ទាល់មាត់ អ្នកបកប្រែសៀវភៅ និងគ្រូបង្រៀន ជាដើម។
នៅពេលបច្ចុប្បន្ននេះ កញ្ញា កែវ សុភ័ន កំពុងតែសិក្សានៅសាកលវិទ្យាល័យ ម៉ុក វ៉ុន (Mokwon University) ក្នុងនាមជានិស្សិតផ្លាស់ប្ដូរកម្មសិក្សា រយៈពេលមួយឆ្នាំ នៅប្រទេសកូរ៉េ។ ហើយកញ្ញាបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរការសិក្សាតាំងពីឆ្នាំទី២មកម៉្លេះ ព្រោះចង់ឃើញរដូវទាំង៤នៅប្រទេសកូរ៉េ និងចង់ស្គាល់អំពីបែបបទ និងមានបទពិសោធន៍នៃការសិក្សានៅបរទេស ការរស់នៅ និងចង់ស្គាល់ពីតំបន់ទេសចរណ៍ ស្លៀកសម្លៀកបំពាក់ប្រពៃណី អាហារ មធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលបានរៀនកន្លងមក។
កញ្ញា កែវ សុភ័ន បាននិយាយថា ការផ្លាស់ប្ដូរកម្មវិធីសិក្សានេះ អាចពង្រឹងសមត្ថភាពនៃការប្រើប្រាស់ភាសាកូរ៉េ មានភាពល្អប្រសើរជាងមុន ជាពិសេសមានគ្រូក្រៅម៉ោងបង្រៀនពីវប្បធម៌កូរ៉េ និងចូលរួមសកម្មភាពថ្មីៗនៅសាលាជាមួយជនបរទេសផ្សេងៗ និងបានយល់ដឹងពីវប្បធម៌របស់ជាតិសាសន៍ផ្សេងទៀត ដូចជា ចិន ជប៉ុន វៀតណាម ម៉ុងហ្គោល ថៃ កេនយ៉ា គ្រីគីស្ថាន ស្រីល័ង្កា និងឥណ្ឌូនេស៊ី ជាដើម៕