Cctime 6monthsfree desktop
Cc times  web banner kh (2)

ខ្លោងទ្វារតាកាវនឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀតបន្ទាប់ពីជួសជុលរួច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន

សៀមរាប៖ ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ។ បច្ចុប្បន្ន ការជួសជុលខ្លោងទ្វារតាកាវ សម្រេចបានប្រមាណ៩៧ភាគរយហើយ។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី។

ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារតាកាវ មានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ ដំរីទាំង៤ជ្រុងបានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឬសឈើដុះចាក់ចូលរចនាសម្ពន្ធ បណ្តាលឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេស កំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើមដោយអន្លើ ថ្មមួយចំនួនបានជ្រុះធ្លាក់មកក្រោមផងដែរ។

ការខូចខាតនេះ ទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង១០ឆ្នាំ នៅតែមានហានិភ័យខ្ពស់ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឬសឈើដុះឬសជ្រែកហែកកាន់តែធំឡើង។ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយពេលជួសជុលជិតពីរឆ្នាំ ខ្លោងទ្វារតាកាវ មានភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពពេញលេញវិញហើយ។

កំពូលខ្លោងទ្វារដែលមានព្រះភ័ក្ត្រទាំងបួនទិស ដែលធ្លាប់តែបាត់បង់ផ្នែកខ្លះជាយូរមកហើយ ត្រូវបានជួសជុលទៅតាមលក្ខណៈដើមឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និងផ្នែកផ្សេងៗបានរៀបបញ្ចូលទីតាំងដើមវិញ ធ្វើឱ្យព្រះភ័ក្រ្តញញឹមរស់រវើកឡើងវិញ ហើយរូបដំរីនៅតាមជ្រុងទាំងបួនបានលេចរូបរាងឈរឡើងវិញ ហាក់កំពុងជួយទប់លំនឹងរចនាសម្ពន្ធខ្លោងទ្វារទាំងមូលផង។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយផ្នែកទៀតនៃទិសដៅទេសចរណ៍ថ្មី ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ តាំងពីចុងខែកុម្ភ: ឆ្នាំ២០២១ ហើយរហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ៩៧ភាគរយហើយ ដោយនៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ដែលបានជំនួសថ្មចាស់ដែលបាត់បង់ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ៕

រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន
រូបភាព៖ លោក យី សុថា និង កញ្ញា ម៉េង សុវណ្ណលីលីន


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង