681 ezgif.com resize
Swift cc time

ថៃបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកTVETឲ្យកាន់តែមានគុណភាពសំបូរបែប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ថៃសន្យាជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យមានគុណភាព កាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានវិបុលភាព ស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។ ការសន្យាបែបនេះធ្វើឡើងនៅក្នុងឱកាសពិភាក្សាការងាររវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

នាឱកាសនេះ ឯកឧត្តម អ៉ិតសំហេង ក៏បានសំណូមពរឱ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET, លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានវត្ត TVET តាមរយេៈការជម្រុញឱ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកអោយមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្តុះបណ្តាលលើ ផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកំពស់សមត្ថភាពឧស្សាហកម្មជាដើម។

ចំពោះលទ្ធផលកិច្ចសហការជាមួយភាគីថៃកន្លងមក បានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូ របស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ ហើយបានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្តាល និងតាមគ្រឹះស្ថានTVET ទៅបណ្តុះបណ្តាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន១១២នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់គ្រូបច្ចេកទេសនៅតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ២០១៧-២០១៩ បានចំនួន១០០នាក់៕

Khcct banner

អត្ថបទទាក់ទង