
មណ្ឌលគីរី៖ គម្រោង USAID មរតកបៃតង កំពុងធ្វើការជាមួយវិស័យឯកជន និងក្រុមអង្គការអភិរក្សផ្សេងទៀត ដើម្បីបង្កើតតំបន់ដំណាំស្វាយចន្ទីទោចមេត្រីភាព ស្ថិតនៅក្នុង និងជុំវិញតំបន់ការពារដែនជម្រកសត្វព្រៃកែវសីមា ដោយសារដំណាំស្វាយចន្ទី បានរួមចំណែកដល់ការបាត់បង់ព្រៃឈើជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលជាទីជម្រករបស់សត្វទោច និងសត្វព្រៃដទៃទៀត។
គម្រោង USAID មរតកបៃតង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានគាំទ្រ កសិករ ស្វាយចន្ទី ដើម្បីចងក្រងក្រុមឈ្មោះថា “ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទី” នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគីរី ដើម្បីជួយបង្កើនជីវភាពរបស់ពួកគេ ។
ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីចំនួន ៤ក្រុមត្រូវបានបង្កើត និងមានសមាជិកសរុបចំនួន៩២នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច «ព្នង» រស់នៅភូមិអូរច្រា អូររនា ស្រែល្វី និងហ្គាទី ។ ក្រុមអ្នកផលិតដែលទើបបានបង្កើតថ្មីទាំងនេះនឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដើម្បីបង្កើនទិន្នផល និងអភិវឌ្ឍការដាំដុះរបស់ពួកគេឲ្យត្រូវទៅតាមលក្ខខណ្ឌនៃ ខ្សែច្រវាក់តម្លៃ ស្វាយចន្ទីមេត្រីភាពបរិស្ថាន និងតភ្ជាប់ពួកគេទៅនឹងអ្នកបញ្ជាទិញដែលមានសក្តានុពល។
តាមរយៈ ដំណាំស្វាយចន្ទីនេះ នឹងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលជាទីជម្រករបស់សត្វទោច និងសត្វព្រៃដទៃទៀត។ ដូច្នេះ គម្រោង USAID មរតកបៃតង ធ្វើការជាមួយវិស័យឯកជន និងក្រុមអង្គការអភិរក្សផ្សេងទៀត ដើម្បីបង្កើតតំបន់ដំណាំស្វាយចន្ទីទោចមេត្រីភាព ស្ថិតនៅក្នុង និងជុំវិញតំបន់ការពារដែនជម្រកសត្វព្រៃកែវសីមា៕

