
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥តុលានេះ បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការសោកស្តាយចំពោះការបាញ់មីស៊ីលដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឆ្លងកាត់ប្រទេសជប៉ុន។កម្ពុជាថ្កោលទោសការបាញ់«កាំជ្រួចមីស៊ីល»ឆ្លងកាត់ជប៉ុនរបស់កូរ៉េខាងជើង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សម្តេចបានសរសេរយ៉ាងដូច្នេះថា "ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបសមភាគីថា សម្តេច ថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិប-តេយ្យកូរ៉េ"។
សម្តេចនាយករដ្ឋមន្ត្រី បានប្រសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្តេច ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្រ្ត យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្ពុជា មិនយល់ស្របចំពោះការចូលលុកលុយ ប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេ្យ បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ៕