Cctime 6monthsfree desktop
Cc times  web banner kh (2)

៩ខែឆ្នាំនេះកម្ពុជារឹបអូសគ្រឿងញៀនបានជាង៦តោនកើនជិត៥ដងធៀបឆ្នាំមុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(រូបភាព៖ Radio Free Asia)

ភ្នំពេញ៖ រយៈពេល ៩ខែឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជារឹបអូសបានគ្រឿងញៀនជាង ៦,២៥ តោនដែលកើនឡើងជិត ៥ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។នេះបើតាមលោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ស៊ីស៊ីថាមស៍។

ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ១១៤៣១នាក់។ចំនួននេះកើនឡើងប្រមាណ១៦ភាគរយបើធៀបនឹងឆ្នាំ២០២១ដែលមានជនសង្ស័យពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនចំនួន ៩ ៨២៨នាក់។

គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន រួមមាន កូកាអ៊ីន ហេរ៉ូអ៊ីន កេតាមីន មេតំហ្វេតាមីន អេសស្តាស៊ី គ្រីស្តាល់ និងខេធីណូន ជាដើម។ក្រៅពីនោះក៏មានការរឹបអូសនូវមធ្យោបាយ និងឧបករណ៍បម្រើដល់ការផលិតនិងចែកចាយគ្រឿងញៀនផងដែរ មានជាអាទិ៍ដូចជា ជញ្ជីងចំនួន៣២៩គ្រឿង កាំភ្លើងខ្លី២៣ដើម កាំភ្លើងវែង៤៩ដើម រថយន្តចំនួន ១១៩គ្រឿង ម៉ូតូចំនួន១ ១៨៣គ្រឿង និងទូរស័ព្ទចំនួន ៤ ៣៨១គ្រឿង។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៦.៣០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣,៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ៤.៦៨៩,៦១គីឡូក្រាម និងសារធាតុគីមីសរុបទម្ងន់ ៨៤,៩២០ គីឡូក្រាម រួមទាំង មធ្យោបាយ សម្ភារ និងវត្ថុតាងមួយចំនួនធំ ក្នុងនោះ បទល្មើសគ្រឿងញៀនធំៗ សរុបចំនួន ៧៣ករណី (មេក្លោង ៣១នាក់ និងខ្សែរយៈបណ្តាញ ១៤៣នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង