.jpg?1664782851)
ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។ ការសម្រេចនេះធ្វើឡើងក្រោយពីមានការឯកភាពពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សនេះបើតាមសេចក្ដីប្រកាសមានរបស់ក្រសួងសុខាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស ដូចជា៖ ការដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ នៅពេលមកដល់កម្ពុជា។
តែយ៉ាងណាក្តី ក្រសួងនៅតែបន្តការរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ៕