ព្រះសីហនុ៖ ប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឯកឧត្តម សុខ ផល នៅថ្ងៃទី ៣០ កញ្ញានេះ បានបើកកិច្ចប្រជុំ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីពិនិត្យ និង អនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខ ផល បានប្តេជ្ញានឹងរៀបចំខេត្តព្រះសីហនុ ជាខេត្តគំរូគ្មាន«ល្បែងស៊ីសង»ខុសច្បាប់។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី និង មន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅតាមមូលដ្ឋាន។ខេត្តព្រះសីហនុ ជាតំបន់មួយដែលបណ្តុំដោយជនបរទេសរស់នៅ ជាពិសេសជនជាតិចិន និង រងការសង្ស័យប្រមូលផ្តុំដោយល្បែងស៊ីសងខុសច្បាប់។
ក្រោយទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបទបញ្ជាជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុចុះបង្រ្កាបទីតាំងល្បែងស៊ីសងទាំងនៅតាមមូលដ្ឋាន និង កាស៊ីណូនានា ក្នុងខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃមកនេះ ចុះមកអនុវត្តកិច្ចការបញ្ឈប់សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និងស្វែងរកបទល្មើសជាច្រើន ខណៈម្ចាស់ទីតាំងមួយចំនួនធំបានសម្រេចបញ្ឈប់ដោយខ្លួនឯង និង នៅមានម្ចាស់ទីតាំងមួយចំនួនទៀតមិនទាន់បញ្ឈប់ក្រោមហេតុផលផ្សេងៗ។នេះបើតាមការអះអាងរបស់ ឯកឧត្តម សុខ ផល។សម្រាប់ឯកឧត្តម ក្នុង១ថ្ងៃៗមនុស្សជាច្រើនរយនាក់ត្រូវបានជួយសង្គ្រោះ និងបង្ក្រាប និងទីតាំងខ្លះទៀតអាជ្ញាធរចុះឆែកឆេរ។
បើតាមឯកឧត្តម សុខ ផល កិច្ចប្រជុំថ្ងៃនេះរដ្ឋបាលខេត្តបានឯកភាពគ្នា គឺបោសសម្អាត«ល្បែងស៊ីសង»ខុសច្បាប់បន្ថែម ដើម្បីបញ្ឈប់ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ ដោយទីតាំងនៅមូលដ្ឋានភូមិ ឃុំ ស្រុក ដែលនៅសេសសល់ ត្រូវបន្តបោសសម្អាតឱ្យអស់។ទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុ ក្រុមការងារនឹងទុកពេលពិនិត្យក្រោយ សំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមានប្រសិទ្ធិភាព ឬអស់សុពលភាពអាជ្ញាប័ណ្ណ ទុកពេលក្រោយ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ១៨ ខែសីហាមកដល់ពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន ៣៦៨ករណី ដោយក្នុងនោះខេត្តព្រះសីហនុ គឺមានចំនួនច្រើនជាងគេរហូតទៅដល់ ២៤៩ ករណី និង បានសង្គ្រោះជនរងគ្រោះបានចំនួន ៣៦១ និង អ្នករងគ្រោះដោយអំពើជួញដូរចំនួន៩ករណី៕