Yearendyearend1140x150

ក្រសួង៖សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទមិនអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿនដាច់ខាត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សត្វពាហនៈ និងសត្វចិញ្ចឹមគ្រប់ប្រភេទ មិនត្រូវបានអនុញ្ញាតឱ្យដើរ ឬឆ្លងកាត់ផ្លូវល្បឿនលឿន ជាដាច់ខាត បម្រាមនេះធ្វើឡើងក្នុងគោលដៅដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញានេះ បានធ្វើការក្រើនរម្លឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ ក្នុងការគ្រប់គ្រង សត្វពាហនៈ/សត្វចិញ្ចឹមគ្រប់ប្រភេទ កុំឱ្យដើរ ឬឆ្លងកាត់ផ្លូវជាដាច់ខាត (មាត្រា៣៣ កថាខណ្ឌទី៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក)។ ករណីនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងខូចខាតទ្រពសម្បត្តិ (យានយន្ត និងសត្វពាហនៈ...) ជាពិសេសបុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដទៃ បង្កឡើងដោយសត្វដែលខ្លួនបានកាន់កាប់(មាត្រា៧៥០ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧) ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ។

ផ្លូវល្បឿនលឿននេះ មានរបងសុវត្ថិភាព ដែលការពារមិនឱ្យមានការឆ្លងកាត់ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការណែនាំជារឿយៗផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង