
ព្រះសីហនុ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ កញ្ញា នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៨៤.០០០នាក់ បានមកកម្សាន្ដនៅក្នុងខេត្តព្រះសីហនុ ខណៈដែលភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះសីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូត ដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី-ខេត្ត នៃព្រះជាណាចក្រកម្ពុជា បានចូលមកកំសាន្តក្នុងខេត្តព្រះសីហនុ មានចំនួនច្រើនកុះករគួរឱ្យកត់សម្គាល់។
តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានឱ្យដឹងថាភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំ បិណ្ឌរយៈពេលបីថ្ងៃធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅនេះគឺមានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៨៤.៥៥៧នាក់ កើនឡើង ៥,០១% ដោយក្នុងនោះមានភ្ញៀវជាតិ៨២.០០១នាក់ និងភ្ញៀវបរទេសសរុប ២.៥៥៦នាក់។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ភ្ញៀវទេសចរណ៍ ដែលបានមកលេងកំសាន្តក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមានកម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានា៕




