
ភ្នំពេញ៖អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ២១ កញ្ញានេះ បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករ កម្មការិនី ឬបុគ្គលិកនានា កុំឱ្យឈរឈ្មោះបើកក្រុមហ៊ុនឱ្យគេ ព្រោះអាចនឹងមានទោស ហើយអាចឈានដល់ការដាក់ទោសជាប់ពន្ធនាគារថែមទៀតផង។ការអំពាវនាវនេះ ធ្វើឡើងក្នុងកម្មវិធី ផ្សាយផ្ទាល់ពិសេសប្រធានបទស្ដីពីការយល់ដឹងអំពីពន្ធដារ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ប្រជាពលរដ្ឋខ្លះដែលជាកម្មករ ឬជាបុគ្គលិកនៃក្រុមហ៊ុន ឬស្ថាប័នមួយបានរងគ្រោះដោយគ្រាន់តែឈរឈ្មោះបើកក្រុមហ៊ុនឱ្យគេ ហើយអាចជាប់ទោស ហើយតាមច្បាប់អ្នកដែលឈរឈ្មោះជាតំណាងក្រុមហ៊ុនឬជាម្ចាស់អាជីវកម្មគឺត្រូវជាប់ទោស ព្រោះអ្នកឈរឈ្មោះទាំងនោះបានប្រព្រឹត្ដិអំពើរាំងស្ទះដែលបានចែងក្នុងមាត្រានៃពន្ធដារគឺត្រូវជាប់ទោស។សម្រាប់ឯកឧត្តម ការឈរឈ្មោះនេះ ដូចការក្លែងបន្លំឯកសារជាសាធរណៈថា ជាម្ចាស់ក្រុមហ៊ុនទាំងដែលខ្លួនមិនមែនជាម្ចាស់ក្រុមហ៊ុនពិតប្រាកដ ដើម្បីបើកផ្លូវឱ្យម្ចាស់ក្រុមហ៊ុនពិតប្រាកដគេចវេសពីការបង់ពន្ធរាប់សិបលានដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើមានគេជួលឬសុំឱ្យឈរឈ្មោះក្រុមហ៊ុន សុំធ្វើការពិចារណាឱ្យបានមែនទែន ព្រោះក្រុមហ៊ុនខ្លះបានយកកម្មករដែលជាអ្នកសម្អាតឬអ្នកអនាម័យនៅក្នុងក្រុមហ៊ុនឬអាជីវកម្មខ្លួន មកឈរឈ្មោះ ហើយករណីនេះអាចបង្កឱ្យអ្នកឈរឈ្មោះតំណាងក្រុមហ៊ុនឬអាជីកម្មអាចរងគ្រោះជាប់ពន្ធនាគារបាន៕