Yearendyearend1140x150
Img 0571

ជនដែលដឹកបុរសកង់បីទៅបញ្ចាំទូរស័ព្ទកាលពីម្សិលមិញជាជនស៊ីវិល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ករណីមន្ដ្រីនគរបាលចរាចរណ៍ ដឹកអ្នកបើកបរកង់បីល្មើសច្បាប់ដើម្បីទៅដាក់បញ្ចាំទូរសព្ទ យកលុយមកបង់ថ្លៃផាកពិន័យនោះ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់បី បានបញ្ជាក់យ៉ាងច្បាស់ថាជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ តែជាជនស៊ីវិលឆ្លៀតឱកាស។

បើតាមស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅមន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងឆែកកាមេរាសុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា នៅវេលាម៉ោងប្រហែលជិត១១ ថ្ងៃទី២០ កញ្ញា មានជនស៊ីវិល ចំនួន០២នាក់ បានជិះម៉ូតូម៉ាកPCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន និងបានបដិសេធថាជនទាំង០២នាក់នោះ មិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។

បន្ទាប់ពីធ្វើការសួរនាំ បុរសអ្នកបើកម៉ូតូកង់បី បានបញ្ជាក់យ៉ាងច្បាស់ថាជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាទូរសព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ តែជាជនស៊ីវិលឆ្លៀតឱកាស។ បុរសបើកកង់បីរូបនោះ ថែមទាំងបានបញ្ជាក់ទៀតថា គាត់គ្មានប្រាក់បង់ពិន័យក៏ទូរសព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តីនគរបាលដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍កុំផាកពិន័យ ត្រឹមតែអប់រំបានហើយ។ ភ្លាមនោះមន្រ្តីក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ។

គួរបញ្ជាក់ថា បច្ចុប្បន្នការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់ ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង