
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន នៅថ្ងៃពុធ ទី២១ ខែកញ្ញា បានប្រកាសពីជំហររបស់ខ្លួនក្នុងការរក្សានូវឆន្ទៈក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រឹងប្រែងឱ្យមាន "ការបង្រួបបង្រួម" ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ បន្ទាប់ពីការធ្វើសមយុទ្ធយោធាជាច្រើនសប្តាហ៍ និងល្បែងសង្គ្រាមដោយទីក្រុងប៉េកាំងនៅជិតកោះនេះ។
អ្នកនាំពាក្យរដ្ឋបាលចិន បានឲ្យដឹងថា ចិនទាមទារតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ខណៈរដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនកោះនេះទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។
ប្រទេសចិនបាននិងកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ចាប់តាំងពីដើមខែមុន បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ រួមទាំងការបាញ់មីស៊ីលចូលទៅក្នុងដែនទឹកក្បែរកោះនេះ។
បើតាមលោកស្រី Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុតដើម្បីសម្រេចបាន "ការបង្រួបបង្រួម" ដោយសន្តិវិធី។ លោកស្រីបន្តថា “មាតុភូមិត្រូវតែបង្រួបបង្រួមគ្នាឡើងវិញ ហើយនឹងត្រូវបង្រួបបង្រួមដោយជៀសមិនរួចជាដាច់ខាត។ លោកស្រីសង្គត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការការពារទឹកដីរបស់ខ្លួនគឺមិនផ្លាស់ប្តូរទេ៕