
កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ កញ្ញា បានចាត់ឱ្យអភិបាលរងខេត្តកណ្ដាល ដឹកនាំកងកម្លាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងអាជីវកម្មរបស់ជនជាតិចិនមួយកន្លែង និងបានរកឃើញអាជីវកម្មល្បែងអនឡាញខុសច្បាប់ ហើយជនជាតិចិនមួយចំនួនតូចគ្មានប៉ាស្ព័រ។
បន្ទាប់ពីបានចុះពិនិត្យទីតាំងអាជីវកម្មស្ថិតនៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ បានរកឃើញថជនជាតិចិនមួយចំនួនធំមានប៉ាស្ព័រត្រឹមត្រូវ និងមួយចំនួនតូចគ្មានប៉ាស្ព័រ។ ក្នុងនោះដែរក៏បានរកឃើញអាជីវកម្មល្បែងអនឡាញ (Online) ខុសច្បាប់ នៅទីតាំងខាងលើនេះផងដែរ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាឱ្យធ្វើការបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ព្រមទាំងអោយមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តទៅតាមនីតិវិធីច្បាប់៕