
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យ អនុស្សរណៈនៃការយោគយល់ ស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាមួយកម្ពុជា ទៅអនុវត្តជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។ នេះជាការលើកឡើងរបស់លោក Benjamin V. Wohlauer អនុទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមរបស់លោក Benjamin V. Wohlauer ជាមួយលោកស្រី ភឿង សកុណា នៅថ្ងៃទី១៩ កញ្ញា លោក Benjamin V. Wohlauer បានមានប្រសាសន៍ថា អាម៉ែរិករីករាយចំពោះសមទ្ធិផល ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា-សហរដ្ឋអាម៉េរិក ជាពិសេសការអនុវត្តអនុស្សារណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ស្តីពីការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជា។
លោក Benjamin V. Wohlauer បានបន្ដថា លទ្ធិផលវិជ្ជមាននេះអាចជាគំរូមួយសម្រាប់អនុវត្តជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ។ ពាក់ព័ន្ធនឹងអនុស្សារណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពី ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់កម្ពុជា ភាគីទាំងពីរ នឹងចុះហត្ថលេខាបន្តសុពលភាពជាថ្មីរយៈពេល៥ឆ្នាំទៀត នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពង្រីកវិសាលភាពអោយបានទូលំទូលាយជាងមុន។ ភាគីអាមេរិកបន្តប្តេជ្ញាចិត្តនៅក្នុងការបន្តជួយប្រទេសកម្ពុជាទៅលើការអភិរក្សបេតិកភណ្ឌវប្បធម៌៕
