ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង បានដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២០ កញ្ញា ដោយមន្ដ្រីនគរបាលចរាចរណ៍ បានចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ មិនបានពាក់គន្លឹះមួកសុវត្ថិភាពត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនៃនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ ថែមទាំងដឹកម្ចាស់ម៉ូតូកង់បីរូបនោះទៅបញ្ចាំទូរស័ព្ទដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវ និងកោះហៅមន្ដ្រីនៃគោលដៅទាំងអស់ នឹងបុរសបើកកង់បីដឹកទំនិញ ដើម្បីធ្វើការសួរនាំ។ ប្រសិនបើមន្ដ្រីអនុវត្តខុសជារឿងរបស់បុគ្គល ដូច្នេះស្នងការដ្ឋាននគរបាលនឹងអនុវត្តតាមគោលការណ៍ ឬមានការដាក់ពិន័យតាមស្ថានភាពនៃកំហុស។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ កញ្ញា នេះ មានករណីនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ ចាប់ផាកពិន័យបុរសបើកកង់បីដឹកទំនិញម្នាក់ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល៕